ក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន (Kim Mex Construction & Investment) ដែលមានឧកញ៉ា ទូច គីម ជាអគ្គនាយក គឺជាក្រុមហ៊ុនម៉ៅការសំណង់ក្នុងស្រុកដ៏ល្បីឈ្មោះមួយ។
ក្រុមហ៊ុន គីម ម៉ិច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ទំនុកចិត្ត ក្នុងការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ដែលមានទីតាំងស្ថិតនៅតាមបណ្តាយមហាវិថីព្រះនរោត្តម ក្នុងតម្លៃសាងសង់ប្រមាណ ៦០ លានដុល្លារអាមេរិក។

អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ សាងសង់យកលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ហើយការសាងសង់សំណង់ត្រូវបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី។
អាគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ មានកម្ពស់ ៩ ជាន់ ដោយមិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអាគារបានសរុបចំនួន ៣៣០ គ្រឿង។
ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី នៅលើទីតាំងចាស់បែរមុខចំទន្លេធំៗទាំងបួន បានចាប់ផ្ដើមកាលពីអំឡុងចុងឆ្នាំ ២០២១ និងបញ្ចប់នៅឆ្នាំ ២០២៣។

ក្រៅពីអគារក្រសួងមហាផ្ទៃដ៏ត្រដែតត្រដឹម ក្រុមហ៊ុន គីម ម៉ីច ក៏ទទួលបានគម្រោងសាងសង់អគាររបស់ស្ថាប័នជាតិផ្សេងទៀតដូចជា អគារទីស្ដីការនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តាមមហាវិថីព្រះនរោត្តម ដែលមានកម្ពស់ ១២២ ម៉ែត្រ (ស្មើនឹង ៣៥ ជាន់) អគារសារមន្ទីរគយ, អគារសាលាជាតិគយ, អាគារវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ចំការដូងសម្រាប់សិស្សអគ្គិសនី អគារការិយាល័យស្នាក់ការកណ្ដាលថ្មី បេឡាជាតិរបបសន្ដិសុខសង្គម (NSSF), អគារសិក្សា អគារអន្ដេវាសិកដ្ឋាន និងអគាររោងជាង នៃសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (NTTI), អគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរៈកិច្ច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគារបេឡាអគ្គិសនីខេត្តសៀមរាបជាដើម។